KhmerPronunciationEnglish/Notes#occ
សសរ sɑsɑɑ column, pillar, post, pile, shaft 13/6

Link to overview page
Link to dictionary

Laundry (Sakanan) — 12


បន្ទាប់មកទៀតនៅក្នុងរូបភាពទី ១២ ចូលមកដល់រូបភាពទី ១២ យើងឃើញថា គាត់បានយកខោអាវដែលគាត់បោករួចនោះ មកហាលនៅលើស្នួទាំងអស់ អញ្ចឹងយើងឃើញស្នួនោះ គឺជាស្នួដែក បាទ ជាស្នួដែក ហើយ[បាន] គាត់បានយកខោអាវរបស់គាត់មកព្យួរពីលើស្នួនោះ ម្ដងមួយរហូតដល់តែអស់ អញ្ចឹងពេលខ្លះគឺនៅទីក្រុង ឬក៏នៅកន្លែងដែលទីប្រជុំជននានា គឺយើងប្រើប្រាស់ស្នួដែកមួយដែលយើងទិញ ដែលស្នួនោះគឺបង្កលក្ខណៈងាយស្រួល ដើម្បីឲ្យយើងហាលខោអាវ ប៉ុន្តែប្រសិនបើយើងមិនមានស្នួដែកទេ នៅក្នុងប្រទេសកម្ពុជាជាទូទៅគឺយើងចងខ្សែ អញ្ចឹងយើងអាចចងខ្សែពីរបងផ្ទះមកដល់សសរផ្ទះ ឬក៏ចងខ្សែពីរបងម្ខាងទៅរបងម្ខាងទៀត បាទ ដើម្បីចងខ្សែហើយដើម្បីហាលខោអាវនៅលើខ្សែនោះ អញ្ចឹងទោះបីជាចងខ្សែ ក៏យើងហៅថាស្នួហាលខោអាវដែរ ដូចគ្នានឹងស្នួហាលខោអាវដែកដែលយើងទិញពីផ្សារផងដែរ អញ្ចឹងជាទូទៅនៅក្នុងប្រទេសកម្ពុជា គឺយើងប្រើប្រាស់ស្នួហាលខោអាវដែលជាខ្សែ ដែលយើងចងទៅលើរបង ច្រើនជាងការហាលខោអាវទៅលើស្នួដែក

Pickpocket (Sakanan) — 06


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថានៅក្នុងរថភ្លើងគឺមានមនុស្សច្រើន ដូច្នេះកៅអីរថភ្លើងត្រូវបានគេអង្គុយអស់ហើយ អញ្ចឹងអ្នកដំណើរដែលចូលក្រោយ ដែលអត់មានកៅអីអង្គុយគឺត្រូវឈរ អញ្ចឹងយើងឃើញ រូបភាពនេះ គឺមានមនុស្សជាច្រើន កំពុងតែឈរនៅក្នុងរថភ្លើង ដោយពួកគេឈរជាជួរហើយដៃរបស់គេតោងទៅនឹងរបារមួយ អញ្ចឹងនៅក្នុងរថភ្លើងឬក៏នៅក្នុងឡានក្រុងតែងតែមានរបារដែកមួយសម្រាប់ឲ្យអ្នកដំណើរតោង ព្រោះថានៅពេលដែលពុំមានកៅអីគ្រប់គ្រាន់សម្រាប់ឲ្យអ្នកដំណើរអង្គុយ អ្នកដំណើរទាំងអស់ត្រូវឈរ អញ្ចឹងដើម្បីទប់លំនឹងអ្នកដំណើរឲ្យបាននឹង កុំឲ្យដួល កុំឲ្យមានគ្រោះថ្នាក់ប៉ះទង្គិចផ្សេងនៅក្នុងរថភ្លើង គេតែងតែដាក់របារដែកមួយ ដើម្បីឲ្យអ្នកដំណើរឈរតោងវា ព្រោះថានៅពេលដែលចេញដំណើរ អ្នកដំណើរនឹងអាចនឹងដួល ប្រសិនបើគេមិនតោង ដោយឡែកយើងឃើញបុរសម្នាក់ដែលពាក់អាវពណ៌ផ្កាឈូកនោះ គាត់កំពុងតែឈរតោងទៅនឹងសសរនៅក្នុងរថភ្លើងមួយ ដែលគេដាក់សម្រាប់ឲ្យអ្នកដំណើរឈរ អញ្ចឹងគាត់ទោះបីជាចូលទៅដល់ក្នុងរថភ្លើងហើយក៏ដោយ យើងឃើញថា ដៃរបស់គាត់នៅតែចុចទូរស័ព្ទដដែល ព្រោះគាត់កំពុងតែជក់ចិត្តនឹងលេងជាមួយនឹងមិត្តភក្តិរបស់គាត់នៅក្នុងទូរស័ព្ទ ដូច្នេះហើយគាត់ពុំបានទុកទូរស័ព្ទគាត់នៅក្នុងហោប៉ៅវិញនោះទេ គឺគាត់ឈរកាន់ ដើម្បីចុចទូរស័ព្ទដដែលនៅខោរបស់បុរសនោះ យើងឃើញមានកាបូបលុយមួយ ដែលដាក់នៅហោប៉ៅក្រោយ ដែលកាបូបលុយនោះ គឺពុំបានដាក់ឲ្យស៊ប់ ឬក៏ដាក់ឲ្យចូលជ្រៅទៅក្នុងហោប៉ៅនោះទេ គឺគាត់ដាក់នៅលៀនចេញក្រៅ អញ្ចឹងកាបូបលុយរបស់គាត់ គឺលៀនចេញមកខាងក្រៅ ដែលយើងអាចមើលឃើញកាបូបលុយរបស់គាត់ច្បាស់បាន

Khmer New Year (Sakanan) — 07


រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា អ្នកទាំងបីនាក់បានជិះម៉ូតូមកដល់ផ្ទះអញ្ចឹងគាត់បានត្រលប់មកពីវត្តវិញ នៅពេលដែល ក្រោយពេលដែលគាត់បានធ្វើបុណ្យរួចរាល់ហើយ ប្រគេនចង្ហាន់ដល់ព្រះសង្ឃរួចរាល់ហើយ គាត់ក៏បានត្រលប់មកផ្ទះវិញ ហើយគាត់បានត្រលប់មកផ្ទះដោយការជិះម៉ូតូអញ្ចឹងគាត់ជិះម៉ូតូដល់ផ្ទះរបស់គាត់យើងឃើញថាផ្ទះរបស់គាត់គឺជាផ្ទះរបៀបអ្នកនៅស្រុកស្រែ បាទ ផ្ទះដែលនៅស្រុកស្រែ ព្រោះថា ផ្ទះដែលនៅទីក្រុងគឺជាផ្ទះថ្ម ភាគច្រើនជាផ្ទះថ្ម ហើយសង់ជាប់នឹងដី ទាបជាប់នឹងដី ឬក៏មានពីរជាន់ ឬក៏បីជាន់ ឬក៏ជាផ្ទះល្វែងអញ្ចឹងផ្ទះដែលនៅទីក្រុងគឺមានលក្ខណៈទំនើបនិងស្រស់ស្អាតជាងផ្ទះដែលនៅស្រុកស្រែចំណែកឯនៅ ផ្ទះនៅក្នុងរូបភាពទីនេះ យើងឃើញថាគឺជាផ្ទះឈើមួយ បាទ ផ្ទះឈើ ដែលខ្ពស់ផុតពីដី មានតែមួយជាន់នោះទេ ក៏ប៉ុន្តែគេហៅថាផ្ទះមានពីរខ្នងបាទ ដោយសារតែមានដំបូលពីរជាប់គ្នា អញ្ចឹងផ្ទះខ្មែរ គេហៅថាផ្ទះពីរខ្នង ដែលផ្ទះនោះគឺខ្ពស់ ដោយមានសសរជាច្រើននៅខាងក្រោមផ្ទះ ដើម្បីទ្រផ្ទះឲ្យបានខ្ពស់ បាទ អញ្ចឹងគេឡើងលើផ្ទះដោយកាំជណ្ដើរ អញ្ចឹងយើងឃើញថា មានកាំជណ្ដើរមួយសម្រាប់ឡើងលើផ្ទះ ហើយកាំជណ្ដើរនោះមិនមានបង្កាន់ដៃនោះទេអញ្ចឹងពេលខ្លះ ផ្ទះខ្លះ គាត់ដាក់ជណ្ដើរ ហើយគាត់ដាក់បង្កាន់ដៃបង្កាន់ដៃគឺដាក់នៅលើជណ្ដើរ ដើម្បីឲ្យនៅពេលដែលយើងឡើងយើងអាចតោងបង្កាន់ដៃឡើងអញ្ចឹងវាអាចការពារសុវត្ថិភាពយើងកុំឲ្យធ្លាក់ប៉ុន្តែនៅក្នុងរូបភាពនេះ គឺជណ្ដើរនោះ មិនមានបង្កាន់ដៃសម្រាប់តោងឡើងនោះទេផ្ទះរបស់គាត់គឺមានទ្វារមួយ បាទ ទ្វារនោះលើខាងមុខជណ្ដើរតែម្ដង អញ្ចឹងនៅពេលដែលយើងឡើងផុតជណ្ដើរ គឺយើងឡើងដល់ទ្វារតែម្ដងហើយនៅខាងមុខនោះ គឺគេហៅថារានហាលអញ្ចឹងរានហាល គឺជាទីធ្លានៅខាងមុខផ្ទះនៅខាងលើ សម្រាប់ឲ្យយើងអង្គុយលេងជុំគ្នានៅខាងមុខផ្ទះបាន ដោយយើងពុំចាំបាច់ចុះមកខាងក្រោមនោះទេនៅខាងមុខរានហាលនោះ គឺយើងមានបង្កាន់ដៃ អញ្ចឹងបង្កាន់ដៃ ឬក៏រនាំង ដែលធ្វើដើម្បីការពារខ្លាចក្មេងធ្លាក់ អញ្ចឹងគេធ្វើរនាំង ឬក៏បង្កាន់ដៃនៅរានហាល ព្រោះថារានហាលគឺនៅខ្ពស់ ដូច្នេះគេធ្វើបង្កាន់ដៃដើម្បីបាំង កុំឲ្យមានគ្រោះថ្នាក់ផ្សេងកើតឡើងអញ្ចឹងផ្ទះខ្មែរ គឺ ភាគច្រើនគេធ្វើផ្ទះខ្ពស់ឡើងផុតពីដី ហើយផ្ទះនីមួយៗគឺត្រូវឡើងបាន ឡើងបានដោយកាំជណ្ដើរ និងផ្ទះភាគច្រើនគឺមានរានហាលមួយនៅខាងមុខផ្ទះផងដែរ

Rice (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញ បន្ទាប់ពីកសិករ គាត់ប្រមូលផលស្រូវ ឬក៏គាត់ប្រឡេះគ្រាប់ស្រូវ បោកស្រូវចេញពីដើមស្រូវរួចរាល់ហើយ គាត់យកគ្រាប់ស្រូវនោះមកហាល អញ្ចឹងជាទូទៅគឺគ្រាប់ស្រូវ នៅពេលដែលយើងប្រមូលផលរួច គឺមានលក្ខណៈសើមបន្តិច អញ្ចឹងដើម្បីឲ្យវាស្ងួតល្អ ដើម្បីឲ្យគ្រាប់ស្រូវនោះស្ងួតល្អ គឺយើងត្រូវយកវាមកហាលក្រោមពន្លឺព្រះអាទិត្យ ដែលរូបភាពទី ១០ នេះ យើងឃើញមានផ្ទះមួយខ្នងពណ៌ប្រផេះ ហើយផ្ទះនោះគឺជាផ្ទះរបៀបដែល[អ្នក]នៅស្រុកស្រែ គឺគាត់ធ្វើផ្ទះខ្ពស់ផុតពីដី ដែលមានជើងសសរផងដែរ អញ្ចឹងនៅក្នុងផ្ទះនេះ យើងឃើញមានជើងសសរបួន ហើយមានកាំជណ្ដើរមួយដើម្បីឡើងទៅលើផ្ទះ អញ្ចឹងនៅខាងមុខផ្ទះគឺមានរានហាល ដោយឡើងពីកាំជណ្ដើរទៅ យើងឡើងទៅដល់រានហាល បន្ទាប់មកគឺយើងឃើញផ្ទះមានបង្អួច និងមានដំបូលមួយផងដែរ អញ្ចឹងផ្ទះនេះគឺជាផ្ទះរបៀបស្រុកស្រែ ដែលគេធ្វើខ្ពស់ផុតពីដី ដែលនៅក្បែរផ្ទះនោះគឺយើងឃើញមានពាងមួយ ពាងសម្រាប់ដាក់ទឹក អញ្ចឹងជាទូទៅនៅស្រុកស្រែចំការ គឺអត់មានទឹកម៉ាស៊ីននោះទេ ដូច្នេះហើយគឺកសិករ គាត់ប្រើប្រាស់ពាង ដើម្បីត្រងទឹកភ្លៀង អញ្ចឹងនៅពេលដែលមានភ្លៀងមក គឺកសិករត្រងទឹកភ្លៀងដាក់ចូលក្នុងពាងដើម្បីទុកប្រើប្រាស់ ហើយយើងឃើញនៅខាងក្រោយផ្ទះគឺមានភ្នំមួយ អញ្ចឹងភ្នំមួយនោះ គឺនៅជិតផ្ទះរបស់គាត់ ហើយមានដើមឈើជាច្រើនផងដែរ ដែលយើងឃើញដើមខ្លះ គឺជាដើមត្នោត ហើយដើមឈើផ្សេងទៀតជាច្រើនដែលដុះនៅក្បែរផ្ទះរបស់គាត់ ដោយយើងឃើញនៅខាងមុខផ្ទះគឺមានកន្ទេលមួយ ឬក៏តង់កៅស៊ូមួយពណ៌ខៀវ ហើយនៅលើតង់កៅស៊ូ ឬក៏នៅលើកន្ទេលពណ៌ខៀវនោះ គឺមានគ្រាប់ស្រូវពណ៌មាសជាច្រើន អញ្ចឹងគ្រាប់ស្រូវទុំគឺមានពណ៌មាស ឬក៏ពណ៌លឿង ហើយមានក្លិនក្រអូបផងដែរ គឺ អាចនៅពេលដែលយើងដើរក្បែរស្រូវទុំ គឺយើងមានក្រអូប ឬក៏ប្រហើរស្រូវទុំផងដែរ ការហាលស្រូវគឺយើងហាលនៅក្រោមពន្លឺព្រះអាទិត្យ អញ្ចឹងយើងឃើញព្រះអាទិត្យកំពុងតែរះ និងបញ្ចេញពន្លឺ និងបញ្ចេញកម្ដៅមកលើគ្រាប់ស្រូវដើម្បីឲ្យស្ងួត ដូច្នេះគ្រាប់ស្រូវដែលយើងទើបតែប្រមូលផលបានភ្លាមគឺមានសភាពសើមដូច្នេះហើយគឺយើងអត់អាចយកមកប្រើប្រាស់បានទេ អញ្ចឹងយើងត្រូវធ្វើយ៉ាងណាឲ្យគ្រាប់ស្រូវស្ងួតជាមុនសិន មុននឹងយើងយកមកបោកឬក៏យកមកកិន ដើម្បីចេញជាអង្ករ អញ្ចឹងនៅក្នុងរូបភាពទី ១០ គឺយើងឃើញកសិករ គាត់កំពុងតែហាលស្រូវរបស់គាត់នៅក្រោមពន្លឺព្រះអាទិត្យ ដើម្បីឲ្យស្រូវរបស់គាត់ស្ងួត

Khmer New Year (Sakanan) — 01


នៅក្នុងរូបភាពទីគឺជារូបភាពរបស់ព្រះវិហារមួយ អញ្ចឹងជាទូទៅនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាជនកម្ពុជា គាត់តែងតែទៅវត្ត បាទ ហើយនៅក្នុងវត្តគឺមានច្រើន មានដូចជាព្រះវិហារ មានដូចជាសាលាឆាន់ មានដូចជាចេតិយ ហើយនៅក្នុងរូបភាពនេះ យើងឃើញថា មានគ្រួសារមួយគ្រួសារ ដែលមានមនុស្សបីនាក់នៅក្នុងរូបភាព ដែលយើងឃើញមានមនុស្សពណ៌ខ្មៅ បាទ មនុស្សពណ៌ខ្មៅ ដែលក្នុងនោះយើងឃើញមានកូនក្មេងតូចមួយនិងមនុស្សធំពីរនាក់ បាទ មនុស្សធំពីរនាក់និងកូនក្មេងតូចមួយ ពួកគាត់ទាំងអស់គ្នានោះកំពុងតែដើរទៅកាន់ព្រះវិហារមួយអញ្ចឹងគាត់បានដើរទៅកាន់ព្រះវិហារ ដែលព្រះវិហារនោះ គឺជាព្រះវិហារដែលនៅក្នុងវត្តអញ្ចឹងវត្តដែលនៅក្នុងព្រះពុទ្ធសាសនា គឺតែងតែមានព្រះវិហារ មានសាលាឆាន់ បាទ សាលាឆាន់ គឺគេប្រើសម្រាប់ព្រះសង្ឃ ឬក៏លោកសង្ឃ គាត់ សម្រាប់ឆាន់ចង្ហាន់ បាទ អញ្ចឹងព្រះសង្ឃ ឬក៏លោកសង្ឃ គាត់ឆាន់ចង្ហាន់នៅក្នុងសាលាឆាន់ នៅពេលដែលប្រជាជន ឬក៏នៅពេលដែលប្រសក [បាសក/ឧបាសក] គាត់យកចង្ហាន់ទៅប្រគេនព្រះសង្ឃ បាទ ចំណែកព្រះវិហារ ព្រះវិហារគឺគេប្រើប្រាស់សាងសង់ឡើង សម្រាប់តម្កល់ព្រះពុទ្ធបដិមា អញ្ចឹងគេយករូបព្រះពុទ្ធ បាទ រូបព្រះពុទ្ធ ដែលជារូបចម្លាក់ថ្ម ឬក៏រូបចម្លាក់ស៊ីម៉ងត៍ នៅពេលដែលគេឆ្លាក់ជាព្រះពុទ្ធហើយ គេហៅថាព្រះពុទ្ធបដិមា អញ្ចឹងគេយករូបព្រះពុទ្ធបដិមាទៅដាក់ក្នុងព្រះវិហារ ហើយគេចូលព្រះវិហារដើម្បីថ្វាយបង្គំព្រះអញ្ចឹងជាទូទៅប្រជាជនយើងតែងតែទៅវត្ត ហើយចូលព្រះវិហារដើម្បីថ្វាយបង្គំព្រះ ម្យ៉ាងវិញទៀត នៅពេលដែលព្រះសង្ឃគាត់សូត្រធម៌ ព្រះសង្ឃដែល ដល់ម៉ោងសូត្រធម៌ពេលព្រឹកឡើង តែងតែចូលទៅសូត្រធម៌នៅក្នុងព្រះវិហារ នៅ គាត់សូត្រធម៌នៅចំពោះមុខព្រះពុទ្ធបដិមានោះផងដែរអញ្ចឹងរូបភាពនេះ យើងឃើញថាព្រះវិហារមួយ ដែលមានកម្ពស់ខ្ពស់ផុតពីដី អញ្ចឹងព្រះវិហារមានកម្ពស់ខ្ពស់ផុតពីដី ដែលនៅខាងក្រោមព្រះវិហារគឺមានសសរជាច្រើន អញ្ចឹងព្រះវិហារអាចខ្ពស់បាន គឺដោយសារមានសសរ សសរទ្រព្រះវិហារ ហើយយើងអាចឡើងទៅកាន់ព្រះវិហារនោះបាន តាមរយៈជណ្ដើរ បាទ អញ្ចឹងយើងឡើងទៅកាន់ព្រះវិហារតាមរយៈជណ្ដើរ ព្រះវិហារនោះគឺមានបង្អួចជាច្រើន បាទ មានបង្អួចជាច្រើន ដែលនៅខាងនៃជញ្ជាំង អញ្ចឹងជញ្ជាំងព្រះវិហារ គឺមានបង្អួចជាច្រើនចំណែកដំបូលព្រះវិហារគឺមានពណ៌ទឹកក្រូច បាទ ដំបូលព្រះវិហារគឺមានពណ៌ទឹកក្រូច ហើយមានពីរជាន់ អញ្ចឹងដំបូលនោះគឺមានពីរជាន់ នៅលើដំបូលគឺគេប្រើប្រាស់រចនាបថខ្មែរ បាទ រចនាបថ យើងហៅថារចនាបថ ឬក៏ក្បូរក្បាច់ ដែលយើងឃើញមានកន្ទុយនាគ បាទ រូបកន្ទុយនាគ ឬក៏ក្បាច់កន្ទុយនាគ នៅលើចុងដំបូលនីមួយៗផងដែរអញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងនិយាយអំពីថ្ងៃចូលឆ្នាំខ្មែរ មានគ្រួសារមួយគ្រួសារហ្នឹង គាត់បានយកចង្ហាន់ទៅប្រគេនលោក នៅក្នុងព្រះវិហារ នៅក្នុងវត្តព្រះពុទ្ធសាសនា

Rice (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញមានត្បាល់មួយ អញ្ចឹងត្បាល់សម្រាប់បុកស្រូវ ដោយត្បាល់នោះគឺយើងឃើញជាត្បាល់ជាន់ ដោយយើងធ្វើអំពីឈើ ដោយត្បាល់នោះគឺមានសសរពីរដើម សសរពីរដើមនោះចោះដោយដែកមួយ ហើយមានសសរមួយទៀតនៅកណ្ដាល ដែលមានរាងវែងបន្តិចផ្ដេកទៅមុខ អញ្ចឹងសសរទាំងពីរ ទាំងបីនោះ ភ្ជាប់គ្នាដោយដែកមូលមួយនៅកណ្ដាល ហើយនៅពេលដែលយើងឃើញសសរផ្ដេកនោះ គឺមានចុងម្ខាង គឺមានបណ្ដូល ដូច្នេះគឺ បណ្ដូលនោះ គឺជា យើងហៅថាអង្រែសម្រាប់បុកស្រូវ អញ្ចឹងត្បាល់នេះគឺជាប្រភេទត្បាល់ជាន់ ហើយយើងជាន់នៅចុងម្ខាង ដើម្បីឲ្យចុងម្ខាងទៀតបះ ហើយនៅក្រោមត្បាល់ផ្ដេក ឬក៏ឈើផ្ដេកនោះ គឺយើងឃើញមានត្បាល់មួយ ដែលមានរាងប្រហោងកណ្ដាល ដូច្នេះយើងដាក់ស្រូវចូលទៅក្នុងប្រហោងកណ្ដាលនោះ ហើយយើងជាន់អង្រែ ដើម្បីបុកស្រូវឲ្យចេញជាអង្ករ នេះគឺជាវិធីបុរាណសម្រាប់ធ្វើការបកគ្រាប់ស្រូវ ដើម្បីយកអង្ករ គឺយើងហៅថាបុកស្រូវដើម្បីយកអង្ករ អញ្ចឹងវិធីបុរាណនេះគឺវាពិបាកនៅក្នុងការប្រើប្រាស់បន្តិច ដោយសារតែយើងត្រូវប្រើប្រាស់កម្លាំងច្រើន ដើម្បីបកគ្រាប់ស្រូវ ដើម្បីយកអង្ករពណ៌ អញ្ចឹងដើម្បីមុននឹងបានអង្ករ គឺយើងត្រូវបុកស្រូវជាមុនសិន ដើម្បីឲ្យគ្រាប់ស្រូវទាំងនោះបែក ហើយចេញជាអង្ករមក ប៉ុន្តែបច្ចុប្បន្ននេះគឺគេប្រើម៉ាស៊ីន ដូចជាយើងឃើញនៅក្នុងរូបភាពទី ១១ ដដែល ដែលនៅខាងស្ដាំដៃ គឺជាម៉ាស៊ីនកិនស្រូវ អញ្ចឹងនៅសម័យបច្ចុប្បន្ន គេលែងប្រើត្បាល់ជាន់ ឬក៏ត្បាល់បុកស្រូវទៀតហើយ ដោយសារតែវាយូរនិងពិបាក ហើយប្រើប្រាស់កម្លាំងច្រើន ដូច្នេះគេប្រើម៉ាស៊ីនដើម្បីកិនស្រូវតែម្ដង អញ្ចឹងយើងគ្រាន់តែចាក់គ្រាប់ស្រូវរបស់យើង ដែលហាលរួច ដែលហាលស្ងួតរួច ចូលទៅក្នុងម៉ាស៊ីន នោះម៉ាស៊ីននឹងចាប់ផ្ដើមកិន ហើយបំបែកគ្រាប់ស្រូវដោយបកគ្រាប់ស្រូវចេញជាអង្ករភ្លាមអញ្ចឹងអង្ករគឺព័ទ្ធដោយគ្រាប់ស្រូវសំបកស្រូវ អញ្ចឹងនៅពេលដែលយើងបកសំបកស្រូវនោះចេញ នឹងមានអង្ករពណ៌នៅក្នុងនោះ អញ្ចឹងនៅពេលដែលយើងចាក់គ្រាប់ស្រូវដែលស្ងួត ចូលទៅក្នុងម៉ាស៊ីន ម៉ាស៊ីននឹងធ្វើការបកគ្រាប់ស្រូវនោះឲ្យចេញជាអង្ករពណ៌តែម្ដង គឺវាចំណេញពេល និងមិនសូវពិបាកដល់កម្លាំងមនុស្សផងដែរ ហើយសំបកស្រូវ ដែលបកចេញជាអង្ករហើយ វានឹងក្លាយទៅជាកន្ទក់ ដូច្នេះកន្ទក់គឺយើងអាចយកទៅចិញ្ចឹមសត្វផងដែរ ដូចជាសត្វជ្រូកគឺវាស៊ីកន្ទក់ ដែលជាសំបកស្រូវនោះឯង ហើយអង្ករគឺមនុស្សយកមកបរិភោគ ដូច្នេះនៅក្នុងរូបភាពទី ១១ គឺបង្ហាញអំពីការបកគ្រាប់ស្រូវពីវិធីបុរាណនិងវិធីសម័យ ដោយវិធីបុរាណ គេបកគ្រាប់ស្រូវ ដោយប្រើប្រាស់ត្បាល់បុកស្រូវ ឬក៏ត្បាល់ជាន់ រីឯសម័យ ឬក៏ពេលបច្ចុប្បន្ន គឺយើងប្រើប្រាស់ម៉ាស៊ីនកិនស្រូវ ដូច្នេះការបកគ្រាប់ស្រូវគឺមានវិធីពីរ គឺប្រើប្រាស់វិធីបុរាណ និងប្រើប្រាស់វិធីសម័យ ឬក៏បច្ចុប្បន្ន ដោយប្រើប្រាស់ម៉ាស៊ីនកិនស្រូវ