KhmerPronunciationEnglish/Notes#occ
កន្ទេល kɑnteel mat
Notes: may be woven of many different grasses such as ជ្រេ, រំចេក, រុន, but it is commonly woven of កក់
24/7

Link to overview page
Link to dictionary

Grilled Fish (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ រូបភាពទី ១៣ បន្ទាប់ពីពួកគេរៀបចំចានម្ហូប និងចានទឹកជ្រលក់រួចរាល់ហើយ ពួកគេក៏បានអង្គុយទល់មុខគ្នា អញ្ចឹងយើងឃើញពួកគេកំពុងតែអង្គុយទល់មុខគ្នា ដោយស្ត្រីដែលជាមិត្តស្រីនោះ គាត់អង្គុយលុតជង្គង់ ឬក៏អង្គុយបត់ជើង ដោយដៃទាំងពីរគឺដាក់នៅលើភ្លៅ ចំណែកឯបុរសដែលមានវ័យ ២៣ ឆ្នាំនោះ គាត់អង្គុយពែនភ្នែន អញ្ចឹងជាធម្មតា មនុស្សស្រីគឺគាត់តែងតែអង្គុយលុតជង្គង់ឬក៏អង្គុយបត់ជើង ចំណែកឯមនុស្សប្រុស គាត់ចូលចិត្តអង្គុយពែនភ្នែន ហើយនៅចំខាងមុខរបស់ពួកគេ ឬក៏នៅកណ្ដាលពួកគេ គឺមានត្រីចំនួនមួយ ដែលកំពុងតែហុយ និងមានក្លិនឈ្ងុយ ហើយមានចានបន្លែពីរចានផងដែរដែលនៅក្បែរនោះ អញ្ចឹងពួកគេក៏ញ៉ាំត្រីជាមួយនឹងបន្លែ ផ្ទាប់ជាមួយនឹងបន្លែ ដោយយើងឃើញគាត់ទាំងពីរនាក់ គឺអង្គុយនៅលើកម្រាល ហើយមានកញ្ចប់ម្ហូបនៅក្បែរខ្លួនរបស់ពួកគេផងដែរអញ្ចឹងជាទូទៅ គឺនៅកម្ពុជា គឺយើងភាគច្រើនគឺយើងញ៉ាំបាយដោយប្រើប្រាស់កន្ទេល គឺយើងអត់ប្រើប្រាស់តុទេ អញ្ចឹងពេលខ្លះ អ្នកខ្លះ ក្រុមគ្រួសារខ្លះ គាត់ញ៉ាំបាយនៅលើតុ បានន័យថាគាត់រៀបចំតុ ហើយគាត់ដាក់បាយនៅលើតុ រួចក៏អង្គុយលើកៅអីដើម្បីញ៉ាំ ប៉ុន្តែភាគច្រើន ភាគច្រើននៅកម្ពុជា គឺយើងអត់ប្រើប្រាស់តុទេ បានន័យថាយើងអត់ប្រើប្រាស់តុទេ គឺយើងក្រាលកន្ទេល ឬក៏ការក្រាលកម្រាល អញ្ចឹងយើងក្រាលកន្ទេលនៅលើឥដ្ឋ ឬក៏នៅលើរនាបផ្ទះរបស់យើង បន្ទាប់មកយើងញ៉ាំបាយនៅលើកន្ទេល អញ្ចឹងវាជាវប្បធម៌មួយរបស់កម្ពុជា គឺយើងញ៉ាំបាយនៅលើកន្ទេល

Alms Round (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញ បន្ទាប់ពីគាត់រៀបចំបាយចេញជាពីរកញ្ចប់ហើយ គាត់ក៏ចងកញ្ចប់នោះឲ្យបានស្អាត អញ្ចឹងគាត់បានចងមាត់ថង់ ឬក៏បិទកញ្ចប់នោះឲ្យបានស្អាត ហើយគាត់បានចេញមកខាងក្រៅផ្ទះអញ្ចឹងរូបភាពទីនេះ យើងឃើញស្ត្រីម្នាក់នោះគាត់ពាក់អាវដៃវែងដដែល ស្លៀកសំពត់ពណ៌ដដែល ហើយគាត់ពាក់ស្បែកជើង អញ្ចឹងស្បែកជើងរបស់គាត់ គឺជាស្បែកជើងស៊ក យើងហៅថាស្បែកជើងស៊ក ហើយគាត់ពាក់ស្បែកជើងនោះចេញមកខាងក្រៅផ្ទះ ដោយយកកញ្ចប់បាយទាំងពីរមកដាក់លើតុមួយ អញ្ចឹងតុនោះគឺជាតុធម្មតា ឬក៏តុដែក ឬក៏តុអាចបត់បាន អញ្ចឹងនៅពេលដែលយើងត្រូវការលើកវាចេញក្រៅ យើងគ្រាន់តែយកវាចេញក្រៅហើយលាតវា យើងអាចលាតតុនោះទៅជារូបរាងតុមួយបាន ហើយនៅពេលដែលយើងចង់ទុកវិញ យើងបត់តុនោះទៅតាមរូបរាងរបស់វាវិញ អញ្ចឹងវាអាចមានរូបរាងស្ដើង តុនោះគឺមានរូបរាងស្ដើងនៅពេលដែលយើងបត់ទុក ប៉ុន្តែនៅពេលដែលយើងត្រូវការប្រើ យើងគ្រាន់តែលាតវាទៅគឺរូបរាងតុនឹងចេញជារាងតុ ដែលអាចឲ្យយើងប្រើប្រាស់បាន ដើម្បីសម្រាប់ដាក់អីវ៉ាន់ ឬក៏ដាក់សម្ភារៈផ្សេងហើយពេលខ្លះយើងអាចយកតុនោះមកញ៉ាំបាយផងដែរអញ្ចឹង[…] ពេលខ្លះប្រជាជនកម្ពុជា គាត់ញ៉ាំបាយលើកន្ទេល គាត់ក្រាលកន្ទេល ហើយដួសបាយញ៉ាំលើកន្ទេល ចំណែកពេលខ្លះទៀតគ្រួសារខ្លះគឺគាត់ដាក់បាយលើតុ អញ្ចឹងបានន័យថាគាត់ដួសបាយមកដាក់លើតុ ហើយអង្គុយលើកៅអីដើម្បីញ៉ាំបាយ ប៉ុន្តែនៅក្នុងរូបភាពនេះគឺស្ត្រីចំណាស់ម្នាក់នោះ គាត់បានយកតុនោះ ដើម្បីមកដាក់កញ្ចប់បាយរង់ចាំដាក់បាត្រដល់ព្រះសង្ឃ

Going To Bed (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញក្មេងប្រុសម្នាក់នោះ គាត់ក៏បាន បន្ទាប់ពីគាត់ពត់ខ្លួនរួចរាល់ហើយ អញ្ចឹងគាត់ស្ងាប គាត់អស់កម្លាំង ដោយសារតែគាត់មកពីក្រៅនឿយហត់ ឬក៏មកពីធ្វើការនឿយហត់ ឬក៏មកពីរៀននឿយហត់ អញ្ចឹងគាត់ក៏បានអស់កម្លាំង ហើយក៏បានគិតទៅដល់គ្រែគេងរបស់គាត់អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែដើរសំដៅទៅក្នុងបន្ទប់គេងរបស់គាត់ ដោយយើងឃើញគាត់ដើរបណ្ដើរ គិតទៅរកគ្រែគេងបណ្ដើរអញ្ចឹងបានន័យថាក្មេងប្រុសម្នាក់នេះ ដែលនៅក្នុងរូបភាពទីគឺគាត់កំពុងតែដើរសំដៅទៅបន្ទប់គេង ដើម្បីចូលគេងនៅក្នុងបន្ទប់របស់គាត់ ដោយយើងឃើញគាត់កំពុងតែគិតទៅដល់គ្រែគេងមួយ ដែលគ្រែគេងដែលគាត់កំពុងតែគិតនោះ យើងឃើញមានពូកមួយដែលនៅពីលើគ្រែ អញ្ចឹងគ្រែគេងគឺមានជើងបួន ហើយមានរាងទ្រវែង គឺខុសពីតុបន្តិច ដោយសារតែតុគឺមានខ្លះរាងជ្រុង ខ្លះរាងមូល ហើយខ្លីជាងគ្រែ ប៉ុន្តែគ្រែគឺវែង ដោយសារសម្រាប់យើងគេងអញ្ចឹងគ្រែមានជើងបួន ហើយនៅលើគ្រែគឺ ជាទូទៅគឺយើងដាក់ពូក ហើយនិងដាក់ខ្នើយ ក៏ប៉ុន្តែបើសិនជានៅក្នុងស្រែ នៅតាមទីជនបទ ឬក៏ស្រុកស្រែចំការ ពេលខ្លះគាត់អត់មានពូកទេ អញ្ចឹងគាត់គេងគ្រែដោយប្រើកន្ទេល ឬក៏កម្រាល អញ្ចឹងគាត់គ្រាន់តែក្រាលកន្ទេល ក៏គាត់អាចគេងបានដែរ ប៉ុន្តែវាអត់ទន់ដូចពូកនោះទេ អញ្ចឹងជាទូទៅនៅទីក្រុង គឺយើងគេងដោយដាក់ក្រាលដោយសារពូក អញ្ចឹងបន្ទាប់ពីយើងដាក់គ្រែហើយ គឺយើងដាក់ពូកនៅលើគ្រែ ចំណែកឯនៅជនបទ គឺយើងដាក់គ្រែហើយ គឺយើងក្រាលកន្ទេលនៅលើគ្រែ ហើយគេងតែម្ដង អញ្ចឹងការគេងលើកន្ទេល គឺអត់សូវស្រួលខ្លួនទេដោយសារវារឹង អញ្ចឹងវាអាចធ្វើឲ្យយើងឈឺខ្លួន ក៏ប៉ុន្តែបើយើងគេងនៅលើពូក គឺវាទន់ស្រួល អញ្ចឹងយើងអាចគេងលក់ស្រួលបានដែលជាក់ស្ដែងយើងឃើញគ្រែគេងរបស់ក្មេងប្រុសម្នាក់នេះ ដែលកំពុងតែគិត គឺយើងឃើញមានពូកមួយនៅលើគ្រែ ហើយមានខ្នើយកើយមួយនៅលើគ្រែនោះផងដែរអញ្ចឹងគាត់កំពុងតែដើរសំដៅទៅបន្ទប់គេងរបស់គាត់ ដោយដើរបណ្ដើរ គិតអំពីគ្រែគេងរបស់គាត់បណ្ដើរ

Khmer New Year (Sakanan) — 09


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីការធ្វើពិធីស្រង់ព្រះហើយ បាទ ពិធីស្រង់ព្រះ បន្ទាប់ពីធ្វើហើយ គឺឪពុកម្ដាយ ឬក៏ជីដូនជីតា គាត់តែងតែឲ្យពរទៅដល់កូនចៅឲ្យបានសុខសប្បាយ និងមានសេចក្តីសុខបន្ទាប់មក បន្ទាប់ពីការធ្វើពិធីស្រង់ព្រះហើយ គ្រួសារខ្មែរតែងតែអង្គុយញ៉ាំបាយជុំគ្នាអញ្ចឹងនៅក្នុងរូបភាពទីនេះ គឺយើងឃើញថា គ្រួសារនោះ គាត់កំពុងតែអង្គុយញ៉ាំបាយជុំគ្នា ដោយទម្លាប់នៅក្នុងគ្រួសារខ្មែរ ឬក៏នៅក្នុងប្រទេសកម្ពុជា ការញ៉ាំអាហារជុំគ្នាពេលល្ងាច ឬក៏ពេលថ្ងៃត្រង់ គឺយើងពុំប្រើប្រាស់តុនោះទេ គឺយើងក្រាលកន្ទេល អញ្ចឹងយើងញ៉ាំបាយនៅលើកន្ទេល ឬក៏កម្រាលមួយ ព្រោះថាជាទម្លាប់តាំងពីដើម គឺយើងប្រើប្រាស់កន្ទេលបែបនេះតែម្ដងអញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញថាគ្រួសារនោះ គាត់បានក្រាលកន្ទេលមួយ ដោយមានម្ហូបនៅលើកន្ទេលនោះជាច្រើន មានដូចជា យើងឃើញដូចជាត្រី និងបន្លែ ត្រីគឺយើងដាក់នៅក្នុងចានរាបឬក៏ចានពងក្រពើមួយ បន្លែគឺដាក់នៅក្នុងចានទាបតូចចំនួនពីរ ហើយយើងឃើញមានទឹកសម្លដែលដាក់នៅក្នុងចានគោម អញ្ចឹងម្ហូបទាំងអស់គឺយើងដាក់នៅកណ្ដាល ពួកគាត់បានដាក់ម្ហូបទាំងអស់នៅកណ្ដាល ហើយមនុស្ស[ដែល]នៅក្នុងគ្រួសារនោះ គាត់បានអង្គុយជុំវិញម្ហូបនោះដើម្បីញ៉ាំបាយជាមួយនឹងម្ហូប យើងឃើញថា មនុស្ស[នីមួយៗ] គ្រួសារនីមួយៗ សមាជិកនីមួយៗ គាត់បានកាន់ចានបាយឡើង ហើយគាត់ក៏បានចាប់ចង្កឹះឬក៏ស្លាបព្រា ដើម្បីដួសបាយញ៉ាំជាមួយនឹងម្ហូប អញ្ចឹងជាទូទៅនៅក្នុងប្រទេសកម្ពុជា ដើម្បីរក្សាសុជីវធម៌ និងគេហៅថា ដើម្បីរក្សាសីលធម៌ ការញ៉ាំបាយ គឺត្រូវឲ្យមនុស្សចាស់គាត់លូកមុនអញ្ចឹងម្ហូប ទោះបីជាយើងឃ្លានយ៉ាងណាក៏ដោយ ប្រសិនបើយើងញ៉ាំជាមួយមនុស្សចាស់ យើងមិនត្រូវញ៉ាំមុនមនុស្សចាស់នោះទេ គឺត្រូវឲ្យមនុស្សចាស់ គាត់លូកម្ហូបមុន ឬក៏គាត់ដួសម្ហូបយកមកពិសាមុន ទើបយើងអាចញ៉ាំបានតាមក្រោយ ធ្វើដូច្នេះ គឺសម្ដែងនូវការគោរពដល់គាត់ អញ្ចឹងយើងគោរពមនុស្សចាស់ ដូច្នេះយើងត្រូវតែពិសាអាហារឬក៏ញ៉ាំអាហារក្រោយគាត់អញ្ចឹងត្រូវឲ្យមនុស្សចាស់ពិសាអាហារមុននៅពេលដែលក្មេងគេហៅថាញ៉ាំ ចំណែក[...] និយាយជាមួយមនុស្សចាស់យើងហៅថាពិសាឬក៏ហូបហូបគឺប្រើចំពោះមនុស្សដែលអាយុបងយើងតិចឬក៏បងយើងបន្តិច ចំណែកឯពិសា គឺយើងប្រើជាមួយមនុស្សចាស់ ជាមួយឪពុកម្ដាយឬក៏ជីដូនជីតា អញ្ចឹងគឺយើងហៅពិសា គឺវាគួរសមជាងហូប

Going To Bed (Sakanan) — 06


បន្ទាប់មកទៀតរូបភាពគឺទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ដុសធ្មេញគាត់ស្អាតហើយ អញ្ចឹងគាត់បានដុសសម្អាតធ្មេញរបស់គាត់បានយ៉ាងស្អាត បន្ទាប់មកគាត់ក៏បានចេញពីបន្ទប់ទឹក អញ្ចឹងគាត់ដើរសំដៅចូលមកក្នុងបន្ទប់គេងរបស់គាត់ ដោយដើរសំដៅមករកគ្រែគេងដែលនៅក្នុងរូបភាពទីនេះ យើងឃើញគាត់កំពុងតែដើរចូលតាមមាត់ទ្វារ អញ្ចឹងគាត់ឈានជើងចូលក្នុងបន្ទប់គេងរបស់គាត់តាមមាត់ទ្វារ ហើយដើរសំដៅមករកគ្រែគេងរបស់គាត់ដោយយើងឃើញនៅក្បែរគាត់គឺមានគ្រែគេងមួយអញ្ចឹងគ្រែគេងនោះ យើងឃើញនៅលើគ្រែគេងគឺមានពូកមួយ និងមានភួយមួយ ហើយមានខ្នើយកើយចំនួនមួយផងដែរនៅលើគ្រែ ដែលពូកយើងប្រើសម្រាប់គេងទីលើនោះ អញ្ចឹងនៅពេលដែលយើងគេង គឺយើងគេងនៅលើពូក សម្រាប់អ្នកទីក្រុងគឺយើងគេងនៅលើពូក ចំណែកឯអ្នកអត់មានពូកគេងគឺគេងនៅលើកន្ទេលអញ្ចឹងគាត់គេងនៅលើពូក ហើយដណ្ដប់ភួយភួយដែលដាក់នៅលើគ្រែ គឺគាត់ដណ្ដប់ភួយ ដោយយកភួយដណ្ដប់លើខ្លួនរបស់គាត់ហើយគាត់នឹងកើយនៅលើខ្នើយ នៅពេលដែលគាត់គេងអញ្ចឹងគ្រែនេះគឺយើងឃើញមានជើងបួន គ្រែជើងបួន ប៉ុន្តែនៅក្នុងរូបភាពទីគឺមានជើងតែបីទេ ដោយសារតែបាំងមួយ អញ្ចឹងប្រសិនបើយើងមើលជុំវិញគ្រែ គឺយើងឃើញ នឹងឃើញមានជើងបួនជាក់ជាមិនខាន ដោយសារតែគ្រែតែងតែមានជើងបួនហើយនៅក្បែរគ្រែនៅជាប់ជញ្ជាំង យើងឃើញមានបង្អួចមួយ ដែលបង្អួចនោះគឺជាបង្អួចកញ្ចក់ អញ្ចឹងបង្អួចកញ្ចក់ គឺជាបង្អួចដែលអាចឲ្យយើងមើលឃើញទៅខាងក្រៅបាន អញ្ចឹងយើងអត់ចាំបាច់បើកបង្អួចទេ ក៏យើងអាចមើលឃើញទៅខាងក្រៅដែរ ដោយសារតែវាជាកញ្ចក់ អញ្ចឹងយើងអាចមើលឃើញឆ្លងកញ្ចក់បាន បានន័យថាយើងអាចមើលឃើញពីម្ខាងទៅម្ខាងបាន ដោយមិនចាំបាច់បើកកញ្ចក់នោះទេក៏ប៉ុន្តែបង្អួចរបស់គាត់យើងឃើញមានវាំងននពីរអញ្ចឹងវាំងននបង្អួចគឺប្រើប្រាស់សម្រាប់បិទឬក៏បើកនៅពេលដែលយើងមិនចង់ឲ្យមានពន្លឺចូលអញ្ចឹងពេលខ្លះប្រសិនបើយើងខ្លាចចាំងថ្ងៃឬក៏កុំចង់ឲ្យមានពន្លឺព្រះចន្ទចូលនៅពេលដែលយើងគេង យើងអាចទាញវាំងននបិទបង្អួចបាន ប៉ុន្តែប្រសិនបើយើងគិតថាចង់មើលព្រះចន្ទ ឬក៏ចង់ឲ្យមានពន្លឺចេញចូលក្នុងបន្ទប់របស់យើង យើងគ្រាន់តែទាញវាំងននចេញពីបង្អួចនោះជាការស្រេច គឺអាចធ្វើឲ្យមានពន្លឺចេញចូលបានអញ្ចឹងវាំងននគឺដាក់សម្រាប់ដើម្បីបាំងកុំឲ្យមានពន្លឺចូល ចូលទៅក្នុងបង្អួច ឬក៏កុំឲ្យមាននរណាម្នាក់មើលឃើញយើងពីក្រៅតាមរយៈបង្អួចនោះបាន

Rice (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញ បន្ទាប់ពីកសិករ គាត់ប្រមូលផលស្រូវ ឬក៏គាត់ប្រឡេះគ្រាប់ស្រូវ បោកស្រូវចេញពីដើមស្រូវរួចរាល់ហើយ គាត់យកគ្រាប់ស្រូវនោះមកហាល អញ្ចឹងជាទូទៅគឺគ្រាប់ស្រូវ នៅពេលដែលយើងប្រមូលផលរួច គឺមានលក្ខណៈសើមបន្តិច អញ្ចឹងដើម្បីឲ្យវាស្ងួតល្អ ដើម្បីឲ្យគ្រាប់ស្រូវនោះស្ងួតល្អ គឺយើងត្រូវយកវាមកហាលក្រោមពន្លឺព្រះអាទិត្យ ដែលរូបភាពទី ១០ នេះ យើងឃើញមានផ្ទះមួយខ្នងពណ៌ប្រផេះ ហើយផ្ទះនោះគឺជាផ្ទះរបៀបដែល[អ្នក]នៅស្រុកស្រែ គឺគាត់ធ្វើផ្ទះខ្ពស់ផុតពីដី ដែលមានជើងសសរផងដែរ អញ្ចឹងនៅក្នុងផ្ទះនេះ យើងឃើញមានជើងសសរបួន ហើយមានកាំជណ្ដើរមួយដើម្បីឡើងទៅលើផ្ទះ អញ្ចឹងនៅខាងមុខផ្ទះគឺមានរានហាល ដោយឡើងពីកាំជណ្ដើរទៅ យើងឡើងទៅដល់រានហាល បន្ទាប់មកគឺយើងឃើញផ្ទះមានបង្អួច និងមានដំបូលមួយផងដែរ អញ្ចឹងផ្ទះនេះគឺជាផ្ទះរបៀបស្រុកស្រែ ដែលគេធ្វើខ្ពស់ផុតពីដី ដែលនៅក្បែរផ្ទះនោះគឺយើងឃើញមានពាងមួយ ពាងសម្រាប់ដាក់ទឹក អញ្ចឹងជាទូទៅនៅស្រុកស្រែចំការ គឺអត់មានទឹកម៉ាស៊ីននោះទេ ដូច្នេះហើយគឺកសិករ គាត់ប្រើប្រាស់ពាង ដើម្បីត្រងទឹកភ្លៀង អញ្ចឹងនៅពេលដែលមានភ្លៀងមក គឺកសិករត្រងទឹកភ្លៀងដាក់ចូលក្នុងពាងដើម្បីទុកប្រើប្រាស់ ហើយយើងឃើញនៅខាងក្រោយផ្ទះគឺមានភ្នំមួយ អញ្ចឹងភ្នំមួយនោះ គឺនៅជិតផ្ទះរបស់គាត់ ហើយមានដើមឈើជាច្រើនផងដែរ ដែលយើងឃើញដើមខ្លះ គឺជាដើមត្នោត ហើយដើមឈើផ្សេងទៀតជាច្រើនដែលដុះនៅក្បែរផ្ទះរបស់គាត់ ដោយយើងឃើញនៅខាងមុខផ្ទះគឺមានកន្ទេលមួយ ឬក៏តង់កៅស៊ូមួយពណ៌ខៀវ ហើយនៅលើតង់កៅស៊ូ ឬក៏នៅលើកន្ទេលពណ៌ខៀវនោះ គឺមានគ្រាប់ស្រូវពណ៌មាសជាច្រើន អញ្ចឹងគ្រាប់ស្រូវទុំគឺមានពណ៌មាស ឬក៏ពណ៌លឿង ហើយមានក្លិនក្រអូបផងដែរ គឺ អាចនៅពេលដែលយើងដើរក្បែរស្រូវទុំ គឺយើងមានក្រអូប ឬក៏ប្រហើរស្រូវទុំផងដែរ ការហាលស្រូវគឺយើងហាលនៅក្រោមពន្លឺព្រះអាទិត្យ អញ្ចឹងយើងឃើញព្រះអាទិត្យកំពុងតែរះ និងបញ្ចេញពន្លឺ និងបញ្ចេញកម្ដៅមកលើគ្រាប់ស្រូវដើម្បីឲ្យស្ងួត ដូច្នេះគ្រាប់ស្រូវដែលយើងទើបតែប្រមូលផលបានភ្លាមគឺមានសភាពសើមដូច្នេះហើយគឺយើងអត់អាចយកមកប្រើប្រាស់បានទេ អញ្ចឹងយើងត្រូវធ្វើយ៉ាងណាឲ្យគ្រាប់ស្រូវស្ងួតជាមុនសិន មុននឹងយើងយកមកបោកឬក៏យកមកកិន ដើម្បីចេញជាអង្ករ អញ្ចឹងនៅក្នុងរូបភាពទី ១០ គឺយើងឃើញកសិករ គាត់កំពុងតែហាលស្រូវរបស់គាត់នៅក្រោមពន្លឺព្រះអាទិត្យ ដើម្បីឲ្យស្រូវរបស់គាត់ស្ងួត

Rice (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ច្រូតស្រូវរួចរាល់ហើយ អញ្ចឹងបន្ទាប់ពីកសិករ គាត់ច្រូតស្រូវរួចរាល់ហើយ យើងឃើញកសិករ គាត់កំពុងតែយកដើមស្រូវ ដែលមានស្រូវទុំ មានផ្លែស្រូវទុំនៅជាប់ដើមនោះ មកបោកទៅនឹងក្ដារ ឬក៏ទៅនឹងថ្មមួយ អញ្ចឹងការធ្វើបែបនេះ យើងហៅថាការបោកស្រូវ ឬក៏ការបែនស្រូវ អញ្ចឹងដើម្បីប្រឡេះយកគ្រាប់ស្រូវចេញពីដើម គឺយើងអត់ប្រើដៃយើងប្រឡេះគ្រាប់ស្រូវម្ដងមួយគ្រាប់នោះទេ គឺវាប្រើពេលយូរ ដោយសារតែដើមស្រូវនីមួយៗគឺមានផ្លែច្រើន ហើយក្នុងស្រែនីមួយៗគឺមានដើមស្រូវច្រើនផងដែរ ដូច្នេះ ដើម្បីឲ្យចំណេញពេលវេលា គឺយើងយកដើមស្រូវទាំងនោះទៅបោកទៅនឹងថ្ម ឬក៏បោកទៅនឹងក្ដារមួយបន្ទះ ដើម្បីឲ្យគ្រាប់ស្រូវជ្រុះមកក្រោម អញ្ចឹងដើម្បីប្រមូលផលស្រូវឲ្យបានល្អ គឺគេអត់បោកទៅផ្ទាល់នឹងដីនោះទេ គឺគេមានក្រាលកន្ទេលមួយ ដែលប្រជាជនកម្ពុជាតែងតែប្រើកន្ទេលដែលធ្វើអំពីស្លឹកត្នោត អញ្ចឹងគឺយើងបោកស្រូវនៅលើកន្ទេលស្លឹកត្នោត ហើយនៅពេលដែលគ្រាប់ស្រូវជ្រុះមក គឺជ្រុះនៅលើកន្ទេល ដូច្នេះកសិករងាយស្រួលប្រមូល ដោយមិនឲ្យគ្រាប់ស្រូវទាំងនោះប្រឡាក់ជាមួយនឹងដី អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញកសិករ គាត់ពាក់អាវដៃវែង ខោជើងវែងដដែល ព្រោះថាដើមស្រូវគឺធ្វើឲ្យយើង អាចធ្វើឲ្យយើងរមាស់បាន ប្រសិនបើយើងអត់ពាក់អាវដៃវែង ឬក៏អត់ពាក់ខោជើងវែងទេ នៅពេលដែលយើងប៉ះពាល់ជាមួយដើមស្រូវ គឺដើមស្រូវអាចធ្វើឲ្យយើងរមាស់ខ្លួនបាន ដូច្នេះដើម្បីកុំឲ្យរមាស់គឺយើងត្រូវការពារខ្លួនយើងដោយពាក់អាវដៃវែង ឬក៏ខោជើងវែងជាដើម អញ្ចឹងនៅក្នុងរូបភាពនេះគឺគាត់កំពុងតែកាន់ដើមស្រូវមួយគុម្ព ហើយបោកទៅនឹងថ្មមួយ អញ្ចឹងនៅពេលដែលបោក គឺយើងឃើញគាត់បោកម្ដងមួយគុម្ពហើយយើងឃើញគ្រាប់ស្រូវកំពុងតែជ្រុះចេញពីដើមស្រូវទាំងនោះ អញ្ចឹងយើងឃើញនៅខាងមុខថ្ម គឺមានគ្រាប់ស្រូវពណ៌លឿងជាច្រើន ដែលជ្រុះនៅខាងមុខថ្ម អញ្ចឹងយើងឃើញថា គាត់បោកស្រូវដើម្បីយកស្រូវចេញពីដើមស្រូវ ដោយនៅខាងក្រោយគាត់ យើងឃើញ មានដើមស្រូវជាច្រើនទៀត ដែលមិនទាន់បោករួចរាល់ ដូច្នេះកសិករគាត់ត្រូវតែបោកស្រូវ ដើម្បីប្រមូលផលស្រូវចេញពីដើមស្រូវ អញ្ចឹងនៅពេលដែលយើងប្រមូលផលស្រូវចេញពីដើមស្រូវរួចរាល់ហើយ ដើមស្រូវដែលអត់មានគ្រាប់ស្រូវ យើងហៅថាចំបើង អញ្ចឹងដើមស្រូវគឺមានប្រយោជន៍ផងដែរ នៅពេលដែលយើងប្រមូលផល ឬក៏ប្រមូលស្រូវ បោកស្រូវចេញពីដើមអស់ហើយ គឺយើងអាចយកដើមស្រូវទាំងនោះ យកទៅឲ្យសត្វគោ ឬក៏សត្វក្របីស៊ី អញ្ចឹងសត្វគោ សត្វក្របី វាស៊ីដើមស្រូវ ឬក៏ចំបើង ជាអាហារ ដូច្នេះកសិករគាត់អត់យកចំបើង ឬក៏ដើមស្រូវដែលអស់គ្រាប់នោះ យកទៅបោះចោលនោះទេ គឺគាត់អាចយកទៅឲ្យគោ ក្របីរបស់គាត់ស៊ីជាអាហារផងដែរ ដូច្នេះនៅក្នុងរូបភាពទីគឺកសិករ គាត់កំពុងតែបោកស្រូវរបស់គាត់ទៅនឹងថ្ម ឬក៏បោកស្រូវរបស់គាត់ទៅនឹងក្ដារមួយបន្ទះ ដើម្បីប្រមូលគ្រាប់ស្រូវចេញពីដើមស្រូវ ហើយយកគ្រាប់ស្រូវនោះទៅប្រើប្រាស់